Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាស៊ាន​រួមគ្នា​ដាំ​កូនឈើ​និង​ជិះ​កង់​ក្នុង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ដើម្បី​អបអរសាទរ​ទីក្រុង​សៀមរាប ជាទី​ក្រុង វប្បធម៌​អាស៊ាន​

ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានរៀបចំ​ដាំ​ដើមឈើ និង​ជិះ​កង់​ក្នុង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ដើម្បី​អបអរសាទរ​ទីក្រុង​សៀមរាប ដែល​ត្រូវបាន​ជ្រើសរើស​ជាទី​ក្រុង​វប្បធម៌​អាស៊ាន ។​

​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា ទីក្រុង​សៀមរាប​ត្រូវបាន​ជ្រើសរើស​ជាទី​ក្រុង​វប្បធម៌​អាស៊ាន​សម្រាប់​ឆ្នាំ ២០២១-២០២២ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៩ រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ ហើយ​ការជ្រើសរើស​ទីក្រុង​សៀមរាប ជាទី​ក្រុង​វប្បធម៌​អាស៊ាន សម្រាប់​ឆ្នាំ ២០២១-២០២២​នេះ គឺ​ដោយសារ​ទីក្រុង​សៀមរាប គឺជា​អតីត​រាជធានី​ខ្មែរ សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ និង​មរតក​វប្បធម៌​ជាច្រើន ទាំង​រូបី និង​អរូបី ហើយក៍​ជា​គោលដៅ​ទេសចរណ៍​ប្រវត្តិសាស្ត្រ វប្បធម៌ ធម្មជាតិ​ដ៏​ល្បីល្បាញ​ពាសពេញ​ពិភពលោក របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ពិសេស​ការកំណត់​ទីក្រុង​វប្បធម៌​អាស៊ាន គឺធ្វើឡើង​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​អាស៊ាន និង​ភាព​ផ្សេងគ្នា​នៃ​វប្បធម៌​របស់​ប្រទេស​នីមួយៗ​ដែលជា​សមាជិក​អាស៊ាន ។

​ឯកឧត្តម បន្តថា​៖​ការរៀបចំ​កម្មវិធី​ដាំ​កូនឈើ​និង​ជិះ​កង់​នេះ​ឡើង​គ្រាន់តែ​ជា​ចំណែក​ក្នុងចំណោម​កិច្ចការ​នានា​ដែល​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​រៀបចំឡើង ដើម្បី​បង្ហាញ​ពី​តួនាទី​នៃ​ទីក្រុង​វប្បធម៌​អាស៊ាន សម្រាប់​ឆ្នាំ​២០២១-២០២២ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ប្តូរ​វេន​នៃ​កិច្ចប្រជុំ​លើក​ទី​៩ រដ្ឋមន្ត្រី​ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្រោម​ប្រធានបទ ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ និង​មាគ៌ា​ឆ្ពោះទៅមុខ​សម្រាប់​វិស័យ​វប្បធម៌ និង​សិល្បៈ តាមរយៈ​ប្រព័ន្ធ​វីដេអូ ក្នុងនាម​កម្ពុជា​ជា​ប្រធាន​ប្តូរ​វេន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទទួលបន្ទុក​វប្បធម៌ និង​វិចិត្រសិល្បៈ​អាស៊ាន​លើក​ទី​៩ ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២ ដែល​ដឹកនាំ​ប្រជុំ​ដោយ​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៨​មក នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​បាន​ឯកភាពគ្នា​ឲ្យ​ប្រទេស​នីមួយៗ​ដែលជា​ប្រធាន​ប្តូរ​វេន​ដឹកនាំ​កិច្ចប្រជុំ ជ្រើសរើស​ទីក្រុង​មួយ​នៃ​ប្រទេស​របស់ខ្លួន ដើម្បី​ស្នើ​ដាក់​ជាទី​ក្រុង​វប្បធម៌​អាស៊ាន ។​

​ទីក្រុង​វប្បធម៌​អាស៊ាន ដែល​ធ្លាប់បាន​ជ្រើសរើស​កន្លង​មក​រួមមាន ៖ ១. ទីក្រុង Cebu នៃ​ប្រទេស​ហ្វីលីពីន ចាប់ពី​ឆ្នាំ ២០១០ -២០១១ , ២. ទីក្រុង Singapore នៃ​ប្រទេស សឹង្ហ​បុរី ចាប់ពី​ឆ្នាំ ២០១២-២០១៣ , ៣. ទីក្រុង Hue នៃ​ប្រទេស​វៀតណាម ចាប់ពី​ឆ្នាំ ២០១៤-២០១៥ , ៤. ទីក្រុង Bandar Seri Begawan នៃ​ប្រទេស​ប្រ៊ុយណេ ចាប់​ឆ្នាំ ២០១៦-២០១៧ , ៥. ទីក្រុង Yogyakarta នៃ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ឆ្នាំ ២០១៨-២០២០ ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន