Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ត្រីមាស​ទី​៣ ក្នុងឆ្នាំនេះ​! កម្ពុជា នាំចេញ​អង្ករ​កើនឡើង​ជិត ៤៣%

​ភ្នំពេញ​៖ ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០២១ នេះ ប្រទេស​កម្ពុជា បាន​នាំចេញ​អង្ករ​បាន​ចំនួន ១៣០.២៤៨​តោន គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៨១​លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន ៤២,៩៥% បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២០ ដែលមាន​ចំនួន​ត្រឹមតែ ៩១.១១៥​តោន​តែប៉ុណ្ណោះ​។​

​យោងតាម​របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹងថា សម្រាប់​រយៈពេល ៩​ខែ នៃ​ឆ្នាំ​២០២១​វិញ គឺ​កម្ពុជា​បានធ្វើការ​នាំចេញ​បាន​ចំនួន ៤១០.៦៩៨​តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២៨៣,៦៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​របាយការណ៍​ដដែល​នេះ បាន​បន្ត​ឲ្យ​ដឹងថា សម្រាប់​ទីផ្សារ​ដែល​បាន​នាំចេញ​ធំជាងគេ គឺ ប្រទេស​ចិន និង​តំបន់​ស្វយ័ត​រដ្ឋបាល ហុងកុង ម៉ា​កាវ មាន​ចំនួន ៤៩,៥០% និង​ប្រទេស​នៅ​បណ្តា​សហគមន៍​អឺរ៉ុប រួមទាំង​អង់គ្លេស មាន ចំនួន ២៦,៩១% ប្រទេស​ក្នុង​បណ្ដា​សហគមន៍ អាស៊ាន​មាន​ចំនួន ១០,០៩% និង​បណ្តាល​គោលដៅ​ផ្សេងៗ ចំនួន ២២ មាន​ចំនួន ១៣,៥០%​។​

​ដោយឡែក ប្រភេទ​អង្ករ​ដែល​នាំចេញ​មាន​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ចំនួន ៦៩,៧១% អង្ករ​សបាយ​ទុន ២៧,១៨% អង្ករ​ចំហុយ ១,៧១% និង​អង្ករ​សរីរាង្គ ១,៤១%​។ សម្រាប់​ខែកញ្ញា ឆ្នាំ​២០២១ នេះដែរ ការនាំចេញ បាន​ចំនួន ៦៧.២៥១​តោន គិត​ជា​ទឹកប្រាក់​បាន​ចំនួន ៣៥,៣៤​លាន​ដុល្លារ​អាមេរិក​។​

​សូមបញ្ជាក់ថា សរុប​ជារួម​ការនាំចេញ​អង្ករ និង​ស្រូវ នៅក្នុង​ខែកញ្ញា ឆ្នាំ​២០២១ ដែល​គិត​ជា​បរិមាណ​ទាំង​ស្រូវ និង​អង្ករ បាន​ចំនួន ២០៧.៣៦៤ តោន គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៦៦,៨៧​លាន​ដុល្លារ​អាមេរិក​៕


Advertisement

Facebook

អ្វីដែល​គេកំពុងអាន