Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ចូលរួម​វេទិកា​ទេសចរណ៍​អាស៊ាន លើក​ទី​២៣ ឆ្នាំ​២០២០ នៅ​ប្រទេស​ព្រុយ​នេ​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងទេសចរណ៍​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន វេទិកា​ទេសចរណ៍​អាស៊ាន ២០២០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។​

​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ទេសចរណ៍​អាស៊ាន «​ត្រឹម​ឆ្នាំ​២០២៥ អាស៊ាន​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍ ល្អ​ឯក ប្រកបដោយ​គុណភាព ពិពិធ​ភាព បទពិសោធន៍ ចីរភាព បរិ​យា​ប័ន្ន និង​ការអភិវឌ្ឍ​ប្រកបដោយ​ការទទួលខុសត្រូវ រួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ច សុខុមាលភាព​សង្គម ប្រជាជាតិ​អាស៊ាន​» រដ្ឋមន្ត្រី​ទេសចរណ៍​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ នឹង​ពិភាក្សា ពិនិត្យ​សម្រេច​លើ​ចំនុច​សំខាន់ៗ នៃ​សកម្មភាព​ទេសចរណ៍​អាស៊ាន និង​អនុម័ត​លើ​ឯកសារ​/​ពិធីសារ​មួយចំនួន​ផងដែរ​។​

​ស្របពេល​ជាមួយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២៣​នេះ ក៏មាន​ការរៀបចំ​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួន​ដូចជា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​៣ (​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​) រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ឥណ្ឌា និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន​(ACC) មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន​(AJC) មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ​(AKC) អង្គការ​/​សមាគម​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​ដូចជា អង្គការ​ទេសចរណ៍​ពិភពលោក​(UNWTO) ក្រុមប្រឹក្សា​ធ្វើដំណើរ​ទេសចរណ៍​ពិភពលោក​(WTTC) សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​(PATA) សមាគម​ទេសចរណ៍​អាស៊ាន​(ASEANTA) សមាគម​ស្រាវជ្រាវ​ទេសចរណ៍​អាស៊ាន​(ATRA) ជាដើម​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។​

​ជាពិសេស ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី (​ក្នុងនាម​ជា​ម្ចាស់ផ្ទះ រៀបចំ​វេទិកា​ទេសចរណ៍ អាស៊ាន ឆ្នាំ​២០២១ ASEAN Touriam Forum 2021 នៅ​ភ្នំពេញ​) ក៏​នឹង​ប្រតិភូ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ចូលជួប​សវនកិច្ច​ជាមួយ ព្រះមហាក្សត្រ​នៃ​ប្រទេស​ព្រុយ​នេ ព្រះបាទ Sultant Haji Hassanal Bolkiah Muizzaddin Waddullah Ibin Al-Marhum Sultan Haji Omar ‘Ali Saifuddien Sa’adul Khairi Waddien​។ លើសពីនេះ​ទៀត នឹងមាន​ពិធី​ប្រគល់​ទង់​ដល់​កម្ពុជា​ដែល​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២១ ផងដែរ​។​

​សូមបញ្ជាក់ថា ឆ្នាំ​២០២០​នេះ វេទិកា​ទេសចរណ៍​អាស៊ាន (ATF) ក្រោម​ប្រធានបទ អាស៊ាន​៖ ទាំងអស់គ្នា​ឆ្ពោះទៅកាន់​ការធ្វើដំណើរ​ជំនាន់​ថ្មី «ASEAN-Together towards a Next Generation of Travel» នឹងត្រូវ​ចូលរួម ដោយ​រដ្ឋមន្ត្រី​ទេសចរណ៍​មកពី ប្រទេស សមាជិក​អាស៊ាន ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ ឥណ្ឌា និង​ប្រទេស​ដៃគូ ពិភាក្សា​អភិវឌ្ឍន៍​មួយចំនួន​។​

​កម្ពុជា​ក៏បាន​សហការ​ជាមួយ​ផ្នែក​ឯកជន​ចូលរួម​ក្នុង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ដោយ​រំពឹងថា នឹងមាន​ប្រតិភូ​ចូលរួម​ចំនួន​៧៥០​នាក់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព៍ត៌មាន​ចំនួន​១០០ មាន​ស្តង់​ពិព័រណ៍ (Booths) ២៥០ និង​អ្នកលក់ (Sellers) ចំនួន ២៥០​ក្រុមហ៊ុន និង​មាន​អ្នកទិញ (Buyers) ចំនួន​១៥០​ក្រុមហ៊ុន ផងដែរ​។​

​ព្រម​ជាមួយគ្នានេះ កម្ពុជា​នឹង​ទទួល​ជ័យលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន​២០២០ មួយចំនួន​រួមមាន​៖ សណ្ឋាគារ​បៃតង​អាស៊ាន​ចំនួន​០៥ ស្តង់ដា​អាស៊ាន MICE ប្រភេទ​បន្ទប់​ប្រជុំ​ចំនួន​០៥ ទីក្រុង​ស្អាត​អាស៊ាន​ចំនួន​០៣ និង​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​អាស៊ាន​ចំនួន​០២ ពី​អាស៊ាន​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន