Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឯកអគ្គរាជទូត​ស៊ុយ​អ៊ែត​ថ្មី ប្ដេជ្ញា​បន្ត​ជួយ​វិស័យ​ការងារ នៅកម្ពុជា ឱ្យ​កាន់តែ​ប្រសើរ​

​ភ្នំពេញ​៖ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០​នេះ ឯកឧត្តម Björn Häggmark ឯកអគ្គរាជទូត​ស៊ុយអែត​ថ្មី​ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន ពិសេស​លើ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ដែល​កំពុង​អនុវត្ត​នៅ​កម្ពុជា​។​

​ទន្ទឹមនឹង​គ្នា​នេះដែរ ភាគី​ទាំងពីរ បានបង្ហាញ​ការវាយតម្លៃ​ខ្ពស់​លើ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នាពេល​កន្លងមក លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បាន​សន្យា​ពង្រឹង​នូវ​ទំនាក់ទំនង កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ដ៏​ល្អ​នេះ​ទៀត​ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលជា​វិស័យ​ដ៏​សំខាន់​មួយ​ក្នុងការ​ធានាបាន​នូវ​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ការអភិវឌ្ឍ​សង្គម​។​

​ជាមួយគ្នានេះ ឯកឧត្តម​ឯកអគ្គរាជទូត​ស៊ុយអែត​ថ្មី បាន​ប្ដេជ្ញា​បន្ត​គម្រោង​ទំនាក់ទំនង​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​កម្ពុជា និង​ស៊ុយអែត ក្នុងនោះ​មានដូចជា គម្រោង​អភិវឌ្ឍន៍​ទាំងឡាយ​ដែល​ធ្វើឡើង​តាមរយៈ​អង្គការ​SIDA ដែល​បាន​ជួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួមទាំង​ការបង្កើត​មជ្ឈមណ្ឌល​ការងារ​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​នានា​។​

​កម្ពុជា​បាន​នឹង​កំពុង​បន្ត​ការគាំទ្រ​យ៉ាងសកម្ម​ដល់​កិច្ចព្រមព្រៀង​សកល (Global Deal) របស់​រដ្ឋាភិបាល​ស៊ុយអែត ដែលជា​គំនិត​ផ្តួចផ្តើម​សាកល និង​មាន​គោលបំណង​ក្នុងការ​ដោះស្រាយ​រួមគ្នា​នូវ​បញ្ហា​ប្រឈម​នានា​នៅក្នុង​ទីផ្សារការងារ និង​ជំរុញ​ឱ្យ​មនុស្ស​គ្រប់រូប​អាច​ទទួលបាន​ផលប្រយោជន៍​ពី​សាកលភាវូបនីយកម្ម​។​

​ឯកឧត្តម អ៊ិត សំហេង លើកឡើងថា បន្ទាប់ពី​កម្ពុជា​បានផ្តល់​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សាកល​នេះ នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​ពង្រឹង​ការអនុវត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការធានាបាន​នូវ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ និង​ភាព​សុខដុម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...