Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា នឹង​ដំណើរការ​ជា​ផ្លូវការ នូវ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កូរ៉េ នៅ​សប្ដាហ៍​នេះ​

​តាម​ផែន​ការដែល​គ្រោងទុក ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង លើកដំបូង​ជា​ផ្លូវការ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ សប្ដាហ៍ នេះ​។​

​ប្រភពពី​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ប្រាប់ថា ពិធី​នាំចេញ​ជា​ផ្លូវការ ផ្លែស្វាយ​ស្រស់ ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង នឹងត្រូវ​រៀបចំឡើង នៅ​ទីតាំង​ក្រុមហ៊ុន Hyundai Mao Legacy ដែលមាន​ទីតាំងនៅ​ត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ដែលមាន​ចម្ងាយ​ជាង​៨០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​។​

​មន្ដ្រីជាន់ខ្ពស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម​រូបនេះ បាន​បញ្ជាក់ថា ពិធី​សម្ពោធ​នាំចេញ​ផ្លែស្វាយ​ពី​កម្ពុជា ទៅកាន់​កូរ៉េខាងត្បូង​នេះ នឹងត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។​

​យ៉ាងណាក៏ដោយ​មន្ដ្រី​ដដែល​រូបនេះ មិនអាច​បញ្ជាក់​អំពី​ចំនួន​ផ្លែស្វាយ​ស្រស់ ដែល​នឹង​នាំ​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ជា​លើកដំបូង ថា​មាន​ចំនួន​ប៉ុន្មាន​តោន​នោះឡើយ ខណៈដែល​ក្រុមការងារ​កំពុងតែ​មមា​ញឹក​បំពេញ​នីតិវិធី សម្រាប់​ការនាំចេញ​នៅ​ថ្ងៃ​សម្ពោធ​នោះ​។​

​សូមជម្រាបថា កម្ពុជា​អាច​ប្រមូល បាន​ផ្លែស្វាយ​ប្រមាណ​ជា​៤​លាន​តោន ក្នុង​មួយឆ្នាំ​លើ​ផ្ទៃ​ដាំ​ដុះ​ប្រមាណ​ជា​១០​ម៉ឺន​ហិកតា​។ របាយការណ៍​របស់​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ជិត​៦​ម៉ឺន​តោន ទៅកាន់​ប្រទេស​វៀតណាម ថៃ សិង្ហ​បុរី បារាំង រុស្ស៊ី និង​ចិន​។​

​តាម​ការគ្រោងទុក បន្ទាប់ពី​អាច​នាំចេញ​ផ្លែស្វាយ ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ហើយ​នោះ នៅ​ឆ្នាំ​២០២០​នេះ កម្ពុជា​ក៏​នឹង​ចុះ​កិច្ចព្រមព្រៀង​នាំចេញ​ផ្លែស្វាយ​ជា​ផ្លូវការ ទៅកាន់​ប្រទេស​ចិន ដែលជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​កម្ពុជា​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន