Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គណៈប្រតិភូ​រមណីយដ្ឋាន​ហ័ង​សាន បំពេញ​ទស្សនកិច្ច​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​និង​ទេសចរណ៍

សៀមរាប​៖ ឯកឧត្តម សុខ សង្វារ អគ្គនាយករង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយក អាជ្ញាធរ​ជាតិ​អប្សរា បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​រមណីយដ្ឋាន​ហ័ង​សាន ខេត្ត​អាន​ហ៊ុយ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ លោក Zhao Ming ប្រធានការិយាល័យ​កិច្ចការបរទេស ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ពី​កិច្ចការងារ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​និង​ទេសចរណ៍ ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ហើយ​បន្ត​ការចុះ​អនុស្សរណៈ​នៃ​ការ យោគយល់​គ្នា​រវាង​រមណីយដ្ឋាន​អង្គរ​និង​ហ័ង​សាន នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ ។​

​ក្នុងជំនួប​ពិភាក្សា​នេះ ឯកឧត្តម សុខ សង្វារ មានប្រសាសន៍ថា កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា​និង​គណៈប្រតិភូ​ហ័ង​សាន បានធ្វើ​កិច្ចសហប្រតិបត្តិការ​រ​វាង​រមណីយដ្ឋាន​អង្គរ​និង​ហ័ង​សាន ដោយមាន​ការធ្វើ​ការតាំង​ពិរ​ពណ៌​រមណីយដ្ឋាន​ហ័ង​សាន នៅ​បន្ទាយស្រី និង​បានធ្វើ​ការតាំង​ពិរ​ពណ៌​រមណីយដ្ឋាន​អង្គរ​នៅ​ហ័ង​សាន ខេត្ត​អាន​ហ៊ុយ ប្រទេស​ចិន​។ ឯកឧត្តម បាន​លើក​ផងដែរ អំពី​ការពង្រីក​នូវ​ការផ្សព្វផ្សាយ​តំបន់​បេតិកភណ្ឌ​ទាំងពីរ ឲ្យ​បាន​ជ្រួតជ្រាប​ដល់​ពិភពលោក និង​ធ្វើ​ឲ្យ​តំបន់​បេតិកភណ្ឌ​ទាំងនោះ​កាន់តែ​ជិតស្និទ្ធ​នឹង​គ្នា​ថែមទៀត​។​

​លោក Zhao Ming ប្រធានការិយាល័យ​កិច្ចការបរទេស បាន​លើកសរសើរ​នូវ​ភាព​អស្ចារ្យ​នៃ រមណីយដ្ឋាន​អង្គរ និង​កិច្ចការ​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ ហើយ​ជាពិសេស​ទៅទៀត​លោក​ថ្លែងថា លោក​នឹង​ផ្សព្វផ្សាយ​រមណីយដ្ឋាន​អង្គរ​នៅ​រមណីយដ្ឋាន​ហ័ង​សាន និង​តំបន់ ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​ចិន​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន ដើម្បី​ទាក់ទាញ​ទេសចរ​ឲ្យ​មក ទស្សនា​អង្គរ​។​

​ជំនួប​លើក​នេះ​ជា​កិច្ចពិភាក្សា​បន្ថែមទៀត ដើម្បី​ឈានទៅដល់​ការបន្ត​ចុះ​អនុស្សរណៈ​នៃ​ការ យោគយល់​គ្នា​រវាង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងពីរ​នាពេលខាងមុខ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន