Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

វាលស្មៅ​ប្រាសាទ​អង្គរ នឹងមាន​ភាព​បៃតង​ទាំង​ខួបប្រាំងខួបវស្សា ក្នុង​ឆ្នាំ​២០២០

សៀមរាប​៖ ដើម្បី​លើកកម្ពស់​សោភ័ណភាព ភាពស្រស់​ស្រាយ ទេសភាព​បៃតង និង​បរិស្ថាន​ល្អ​ក្នុង​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​បាននិងកំពុង​យកចិត្តទុកដាក់ កែលម្អ​បរិស្ថាន​នៅ​ជុំវិញ​បរិវេណ​ប្រាសាទអង្គរវត្ត​ដោយ​ចាប់ផ្តើម​ពី​ការដាំ​ស្មៅ ដាំ​កូនឈើ ដាំ​ផ្កា​ព្រៃ ជួសជុល​ផ្លូវ​និង​ប្រព័ន្ធ​រំដោះ​ទឹក ព្រមទាំង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​វាលស្មៅ​ទាំង​ខួបប្រាំងខួបវស្សា​។​

​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បានបង្ហាញ​ពី​មោទនភាព​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​នាពេល​កន្លងមក​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ការលើកកម្ពស់​សោភ័ណភាព​និង​ទេសភាព​បៃតង និង​ផែនការ​អនាគត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​បន្ត​រៀបចំ​សោភ័ណភាព​បរិស្ថាន ទាំង​ក្នុង​និង​ក្រៅ​បរិវេណ​ប្រាសាទអង្គរវត្ត​។


ជាក់ស្ដែង ក្រុមការងារ​កំពុងតែ​បានធ្វើ​ការដកហូត​ដើមឈើ​និង​កាត់​ក្រី​មែកឈើ​ដែល​ប៉ះពាល់​ដល់​ទេសភាព​ប្រាសាទ​ជាទី​គយគន់​របស់​ភ្ញៀវទេសចរ រៀបចំ​បង្កើន​ទេសភាព​បៃតង​នៅ​ខាងត្បូង​ប្រាសាទអង្គរវត្ត ការបញ្ចូល​ទឹក​ក្នុង​ស្រះ​ខាងត្បូង​។ ល​។ ដូច្នេះ​អ្វីដែល​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងតែ​អនុវត្តន៍ និង​ផែនការ​អនាគត​គឺ​សំដៅ​លើកកម្ពស់​សោភ័ណភាព ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​មិន​ត្រឹមតែ​ប្រាសាទអង្គរវត្ត​នោះទេ តែ​រមណីយដ្ឋាន​អង្គរ​ទាំងមូល​។​

​ដោយឡែក អំពី​ការរៀបចំ​ប្រព័ន្ធ​ស្រោចស្រព​វាលស្មៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​វិញ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​ដែល​នឹង​ធ្វើការ​ស្រោច​ស្មៅ​ឲ្យ​មាន​ភាព​បៃតង​ទាំង​ខួបប្រាំងខួបវស្សា ហើយ​កិច្ចការ​នេះ​នឹងត្រូវ​អនុវត្តន៍​ឱ្យ​រួចរាល់​នៅក្នុង​ឆ្នាំ​២០២០​។ លើសពីនេះ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ឲ្យ​មាន​មណ្ឌល​បដិសណ្ឋារកិច្ច​ស​ម្រា​ប់​ភ្ញៀវទេសចរ ការរៀបចំ​ចំណត​ត្រឹមត្រូវ ពិសេស​រៀបចំ​សន្ដិសុខ​សណ្ដាប់ធ្នាប់ និង​ការដាំ​កូនឈើ​ឡើងវិញ កែលម្អ​បរិស្ថាន​នៅ​ទីនោះ​ឱ្យ​ស័ក្ដិ​សមជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន