Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឆ្នាំ​២០១៩ ការវិនិយោគ​របស់​សិ​ង្ហ​បុរី នៅ​កម្ពុជា មាន​ជាង​១​ពាន់​លាន​ដុល្លារ​

គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៩ ការវិនិយោគ​របស់​សិ​ង្ហ​បុរី​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប​ប្រមាណ ១,៣៥៥​លាន​ដុល្លារ​អាមេរិក ដែល​បាន​បង្កើត​ការងារ​ចំនួន​ប្រមាណ​ជាង​១ ៥​ម៉ឺន​កន្លែង​។ នេះ​តាម​ការកត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​ទន្ទឹមនឹង​ទំហំ នៃ​ការវិនិយោគ​នេះ មន្ត្រីជាន់ខ្ពស់​កម្ពុជា បាន​បន្ត​ប្រឹងប្រែង​បង្ហាញ​កាលានុវត្តភាព​ធុរកិច្ច​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​វិនិយោគ​ស​ង្ហិ​បុរី មក​ពង្រីក​ការវិនិយោគ​ថែមទៀត កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ តប​តាម​ការអញ្ជើញ​របស់​ស​ហ​ព័ន្ធ​ធុរកិច្ច​សិង្ហ​បុរី លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចូលរួម​ជា​វាគ្មិន​កិត្តិយស នៅក្នុង​សិក្ខាសាលា​ស្តីពី «​កិច្ចសន្ទនា​ធុរកិច្ច​កម្ពុជា​-​សិង្ហ​បុរី​» ដោយមាន​ការចូលរួម​ពី អ្នកវិនិយោគ​សិង្ហ​បុរី​ចំនួន​ប្រមាណ​១០០​រូប​។​

​សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ចែករំលែក​ព័ត៌មាន​ជូន​ដល់ អ្នកវិនិយោគ​សិង្ហ​បុរី អំពី​ការវិវត្ត​សំខាន់ៗ នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​កាលានុវត្តភាព​ធុរកិច្ច និង​វិនិយោគ ក៏ដូចជា​ការដាក់ចេញ​នូវ វិធានការ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សំដៅ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​។​

​បើតាម​នាយក​ប្រតិបត្តិ​សហព័ន្ធ​ធុរកិច្ច​សិង្ហ​បុរី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កំណើនសេដ្ឋកិច្ច​ដ៏​ត្រចះត្រចង់ ដែល​កម្ពុជា សម្រេចបាន​នាពេល​កន្លងមក ដែល​ស្តែង​ចេញពី​ការខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​សំខាន់ របស់​អ្នកវិនិយោគ​សិង្ហ​បុរី ដោយ​របាយ​ការអង្កេត​ថ្មី​បំផុត របស់​សហព័ន្ធ​ធុរកិច្ច​សិង្ហ​បុរី បាន​បង្ហាញថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​៧ ក្នុងចំណោម​ប្រទេស ដែល​អ្នកវិនិយោគ​សិង្ហ​បុរី មាន​ចំណាប់អារម្មណ៍​ធ្វើការ​បណ្តាក់ទុន​។​

​ទន្ទឹមនឹង​វិធានការ​កែទម្រង់​នានា ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ដាក់ចេញ លោក ធៀន តៃ ជីវ បានបង្ហាញ​ពី​សុទិដ្ឋិនិយម អំពី​ការសម្រេចចិត្ត​របស់​ធុរជន និង​អ្នកវិនិយោគ​សិង្ហ​បុរី ក្នុងការ​បណ្តាក់ទុន​នៅ​កម្ពុជា ដែលមាន​កាលានុវត្តភាព​នៅក្នុង​វិស័យ​ជាច្រើន​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន