Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

យុទ្ធសាស្ត្រ​គន្លឹះ​សំខាន់ៗ ក្នុងការ​គ្រប់គ្រង​ទឹក ក្នុង​រមណីយដ្ឋាន​អង្គរ ទទួលបាន​ការជោគជ័យ​

​សៀមរាប​៖ នៅ​ឆ្នាំ​២០២០​នេះ គឺមាន​រយៈពេល​២៥​ឆ្នាំ​ហើយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវបាន​បង្កើតឡើង​។ សមិទ្ធផល​ជាច្រើន​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើឱ្យ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ទទួលបាន​ការកោតសរសើ​រ​ពី​សំណាក់​បណ្ដា​ប្រទេស​ជា​មិត្ត និង​ស្ថាប័ន​អន្ដរជាតិ​ជាច្រើន​មានដូចជា​អង្គការ​យូណេស្កូ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក គណៈកម្មាធិការ​អន្ដរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ​។​

​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល លើកឡើងថា រហូតមកដល់​បច្ចុប្បន្ន​ដោយ​អ្នកជំនាញ​ជាតិ​កាន់​តែមាន​សមត្ថភាព​ខ្ពស់​ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​កិច្ចការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​។ បន្ថែម​លើ​នេះ កិច្ចការ​គ្រប់គ្រង​ទឹក ដែលជា​ភារកិច្ច​សំខាន់​ដែរនោះ​ក៏​ទទួលបាន​ភាពជោគជ័យ​ជាច្រើន​ផងដែរ​។ ចាប់ពី​ឆ្នាំ​២០០៤​មក អាជ្ញាធរ​ជាតិ​អប្សរា​បានចាប់ផ្តើម​សិក្សា​ពី​រចនាសម្ព័ន្ធ​ប្រព័ន្ធធារាសាស្ដ្រ​សម័យបុរាណ និង​ឈានដល់​ការស្ដារ​ឡើងវិញ​។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០០៨​អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ដែលមាន​ប្រភពពី​ភ្នំ​គូលែន​ចូលទៅក្នុង​បារាយណ៍​ជ័យ​ត​ដាក ឬ​បារាណ​យ៍​ខាងជើង ដែល​បារាយណ៍​នេះ​បាន​គោក​គ្មាន​ទឹក​អស់​រយៈកាល​ជាង​៥០០​ឆ្នាំ​មកហើយ​។​

​លោក ឡុង កុសល បាន​បន្ថែមថា ចំណុច​នេះ​គឺមាន​សារសំខាន់​ណាស់​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ប្រឹងប្រែង​ធ្វើឱ្យ​ប្រព័ន្ធធារាសាស្ដ្រ​សម័យបុរាណ​មានជីវិត​ឡើងវិញ ដើម្បី​កិច្ច​អភិរក្ស​ប្រាសាទ ក៏ដូចជា​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​និង​ស្រោចស្រព​ផល​កសិកម្ម​របស់​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ស្ដារ​ក​សិន្ធុ​សំខាន់ៗ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ រួមមាន​ក​សិន្ធុ​ប្រាសាទព្រះខ័ន ក​សិន្ធុ​ប្រាសាទអង្គរវត្ត និង​ក​សិន្ធុ​ក្រុង​អង្គរធំ ដែល​ពីមុន​ទីតាំង​ទាំងនោះ​មាន​ទឹកតែ​ក្នុង​រដូវវស្សា​តែប៉ុណ្ណោះ​។​

​លើសពីនេះទៅទៀត អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្ដារ​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ​សរុប​ប្រមាណ​៥២​គីឡូម៉ែត្រ​។ តាមរយៈ​ការ​ដំណើរការ​ឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ​នេះ ទោះបីជា​ក្នុង​រដូវប្រាំង​យ៉ាងណាក្ដី​រមណីយដ្ឋាន​អង្គរ​នៅតែមាន​ទឹក​បរិបូរណ៍​។ បច្ចុប្បន្ន ទាំង​បារាយណ៍​និង​ក​សិន្ធុ​ប្រាសាទ​ទាំងអស់​អាច​ផ្ទុក​ទឹក​ក្នុង​ក​ម្រឹត​អតិបរិមា​ជាង​១០០​លាន​ម៉ែត្រគូប​។ ក្រៅពី​ប្រើប្រាស់​លើ​ការអភិរក្ស​ប្រាសាទ​ហើយ​នោះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​បញ្ជូន​ចែកចាយ​ទឹក​ពី​បារាយណ៍ទឹកថ្លា ដល់​ស្រែ​ប្រជាពលរដ្ឋ​លើ​ផ្ទៃដី ៧,៥០០​ហិកតា ការបង្កបង្កើន​ផលដំណាំ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ចែកចាយ​ដល់​រដ្ឋាករ​ទឹកស្អាត​ដើម្បី​ផលិត​ទឹកស្អាត​ផ្គត់ផ្គង់​ការប្រើប្រាស់​ប្រចាំថ្ងៃ​ដល់​ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​មួយកម្រិត​ទៀត​។​

​បន្ទាប់ពី​ជោគជ័យ​លើ​ការគ្រប់គ្រង​ទឹក​ទាំងនេះ តាម​ការបញ្ជាក់​ពី​លោក ឡុង កុសល ក្នុងនោះ​អាជ្ញាធរ​ជាតិ​ក៏មាន​គោលការណ៍​ស្ដារ​រចនាសម្ព័ន្ធ​ធារាសាស្ត្រ​បុរាណ​ផ្សេងទៀត​ដែល​បច្ចុប្បន្ន​គោក​រីង​ទឹក​អស់​ឲ្យ​ដំណើរការ​ឡើងវិញ ដើម្បី​ជា​ប្រយោជន៍​អភិរក្ស​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ​ផង និង​ជា​ប្រភពទឹក​ប្រើប្រាស់​សម្រាប់​មនុស្ស​បច្ចុប្បន្ន​ផង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន