Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រទះឃើញ​កូនដំរី​ព្រៃ​១​ក្បាល ស្លាប់​អណ្តែត​ក្នុង​អូរ​លាវ

​កូនដំរី​ព្រៃ​១​ក្បាល ត្រូវបាន​ប្រទះឃើញ អណ្តែត​ស្លាប់ នៅក្នុង​អូរ​លាវ​ព្រំប្រទល់​រវាង​ខេត្តរតនៈគិរី និង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ដោយ មាន​សភាព​ស្អុយរលួយ​។​

​តាម​ការពិនិត្យ សាកសព​សត្វ​ដំរី​នេះ មិនមាន​ស្លាក​ស្នាមរបួស​អ្វី​គួរឱ្យកត់សម្គាល់ អាច​សន្និដ្ឋានថា អាច​ស្លាប់ ដោយ​មូល​ហេតុអ្វី​ផ្សេង​ឡើយ អ្វីដែល​កត់សម្គាល់ គឺ​ជើង​ក្រោយ​របស់ កូនដំរី​នេះ​បាក់ ដែល​សង្ស័យថា អាច​ត្រូវបាន​គៀប​នឹង​ល្បាក់​ថ្ម ព្រោះ​អូរ​លាវ​មាន​អន្លង់​ជ្រៅៗ និង​មាន​ល្បាក់​ថ្ម ច្រើន​»​។​

​សូមជម្រាបថា ប្រទេស​កម្ពុជា បច្ចុប្បន្ន​មាន​សត្វ​ដំរីព្រៃ​ចំនួន​ប្រមាណ​ជាង ៥០០ ក្បាល ដែល​កំពុងតែ​រស់ ក្នុងនោះ​សត្វ​ដំរីព្រៃ នៅក្នុង​ដែន​ជម្រក សត្វព្រៃ​កែវ​សីមា មាន​ប្រមាណ​ជាង ១១០​ក្បាល នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ​មាន​ចំនួន​ប្រមាណ​ជិត ២០០​ក្បាល និង​រស់នៅក្នុង​តំបន់ការពារធម្មជាតិ​នានា របស់​ប្រទេស​កម្ពុជា​។

​យោងតាម​ការសិក្សា ចំនួន​សត្វ​ដំរីព្រៃ​នៅ​កម្ពុជា ក៏ដូចជា នៅ​ប្រទេស​ផ្សេងៗ​ទៀត ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មានការ​ធ្លាក់ចុះ​ច្រើន​នៅក្នុង​រយៈពេល ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោម​នេះ ដោយសារតែ​ការ​បរបាញ់​ខុសច្បាប់ ការបំផ្លាញ​ជម្រក​សត្វ​ដំរី និង​ជម្លោះ រវាង​ដំរី និង​មនុស្ស ខណៈ​ស្រែចម្ការ​របស់​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន​ដាំ​នៅជាប់​នឹង​ព្រៃ​ហើយ​ពេល ខ្លះ​ដំរី​មក​ស៊ី​ដំណាំ​។


​ចំណែក​សត្វ​ដំរី​ស្រុក ដែល​ចិញ្ចឹម​ដោយ​អ្នកស្រុក​មាន​ចំនួន​ប្រមាណ ៧០​ក្បាល​។ ចំនួន​សត្វ​ដំរី ស្រុក​ពិតជា​មានការ ថយចុះ​ដោយសារតែ​មិនមាន​ការបន្ត​ពូជ​បែប​ធម្មជាតិ និង​ដំរី​ខ្លះ​មាន​វ័យចាស់ និង​បាន​ស្លាប់​ជា​បន្តបន្ទាប់​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន