Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រុម​អ្នកស្រាវជ្រាវ​រក​ឃើញ​សម្ភារ​ប្រើប្រាស់​កាល​ជាង១០០០ឆ្នាំមុន​ ​នៅ​ខាងលិច​ប្រាសាទ​វត្ត​អធ្វា​

​អ្នកជំនាញ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​សាកល​វិទ្យាល័យ​ហា​វ៉ៃ​សហរដ្ឋអាមេរិក​ ​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ទួល​ដូន​ប៉ុក​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ខាងលិច​ប្រាសាទ​វត្ត​អធ្វា​ ​ស្ថិត​ក្នុង​ភូមិ​ទ្រាក​ ​សង្កាត់​/​ខេត្តសៀមរាប​ ​ដោយ​រក​ឃើញ​គ្រឹះ​ប្រាសាទ​ ​និង​សម្ភារៈ​ប្រើប្រាស់​កាលពី​ជាង១ពាន់​ឆ្នាំមុន​។​

​លោក​ ​ទិន​ ​ទីណា​ ​អនុប្រធាន​មណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បញ្ជាក់​ថា​ ​ការស្រាវជ្រាវ​ធ្វើឡើង​ដើម្បី​ស្វែងរក​ភូមិ​បុរាណ​ ​ទី​សក្ការបូជា​ ​និង​សម្ភារ​ប្រើប្រាស់​នានា​ ​ដែល​ស្ថិតនៅ​ក្រៅ​រាជធានី​អង្គរ​ ​ពិសេស​នៅ​ជុំវិញ​ខេត្តសៀមរាប​។​ ​លោក​ថា​ ​គំហើញ​ថ្មីនេះ​ជា​ប្រយោជន៍​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ ​ការយល់​ដឹងពី​ប្រវត្តិសាស្ត្រ​ ​ភូមិសាស្ត្រ​ខ្មែរ​ពីអ​តី​ត​កាល​ដល់​បច្ចុប្បន្ន​ ​ព្រមទាំង​រួមចំណែក​ការពារ​បុរាណ​ដ្ឋាន​លើ​តំបន់​ដែល​កំពុង​អភិវឌ្ឍន៍​។​

​បើ​តាម​លោក​ ​ហេង​ ​ពិភាល់​ ​បណ្ឌិត​បុរាណវិទ្យា​នៃ​សាកល​វិទ្យាល័យ​ហា​វ៉ៃ​ ​និង​ជា​ប្រធាន​គម្រោង​ស្រាវជ្រាវ​បាន​ឲ្យដឹង​ថា​ ​កំណាយ​នៅ​ទួល​ដូន​ប៉ុក​បាន​រក​ឃើញ​គ្រឹះ​ប្រាសាទ​ធ្វើ​ពី​ថ្មបាយក្រៀម​ពី​ខាងក្រោម​និង​ឥដ្ឋ​នៅ​ពី​ខាងលើ​ដែល​កប់​ក្នុង​ដី​ជម្រៅ​ជាង១ម៉ែត្រ​ ​ដែល​មាន​សសរពេជ្រ​ពណ៌​ផ្កាឈូក២កំណាត់​ ​និង​គំនរ​ថ្មភក់​នៅក្នុង​ខ្ទមអ្នកតា​។​ ​តាម​ការ​សន្និដ្ឋាន​ ​ប្រាសាទគោក​ដូន​ប៉ុក​បាន​កសាង​ឡើង​ក្នុង​ស.វ.ទី១០​ ​មាន​អាយុ​ប្រហាក់​ប្រហែល​ទៅ​នឹង​ប្រាសាទបន្ទាយស្រី​និង​ប្រាសាទ​ព្រះឥន្ទ្រ​កោ​សីយ៍​ ​ដែល​ជាទី​សក្ការៈ​របស់​មនុស្ស​នាសម័យនោះ​។​

​តាមរយៈ​លទ្ធផល​កំណាយ​ប្រាសាទ​ឥដ្ឋ​នេះ​ដួល​រលំ​នៅ​រវាង​ស.វ.ទី១២​ ​ឬ១៣​ ​និង​លែង​ជា​កន្លែង​ប្រារព្ធ​ពិធី​សាសនា​ធំដុំ​ទៀតហើយ​ ​ពោល​គឺ​នៅ​ត្រឹមតែ​ជា​គោក​អ្នកតា​ប៉ុណ្ណោះ​។​ ​ការ​ផ្លាស់​ប្តូរ​នេះ​ ​ប្រហែល​ជួន​គ្នា​នឹង​ការ​កសាង​វត្ត​អ​ធ្វា​នាស.វ.ទី១២ឬទី១៣ដែរ​ ​ដោយ​មនុស្ស​បាន​ប្តូរ​ទៅ​គោរព​បូជា​នៅ​វត្ត​អធ្វា​វិញ​។​

ក្រៅពីនោះ​ ​ទាំង​ក្នុង​រណ្តៅ​នៅ​ទួល​ដូន​ប៉ុក​ ​និង​គោក​ភូមិ​ ​ក៏​ឃើញ​មាន​បំណែក​កុលាលភាជន៍​ចិ​នពីស.វ.ទី១២ដល់ទី១៧​ ​និង​ភាជន៍​ខ្មែរ​ផលិត​នៅ​តំបន់​នគររាជ​ ​ភ្នំ​គូលែន​ ​និង​ជើង​ឯ​ក​នៅស.វ.ទី១០និង១៣​ ​មាន​ភាជន៍​ផុយ​ ​ភាជន៍​រឹង​មាន​ស្រទាប់​រលោង​ ​និង​គ្មាន​ស្រទាប់​រលោង​ ​រួម​ទាំង​របស់​ប្រើ​ប្រាស់​ផ្សេង​ៗ​។​

​ទាំងនេះ​បញ្ជាក់​ថា​ ​ទីតាំង​ដែល​ពួកគាត់​រស់នៅ​សព្វថ្ងៃ​ ​(​ទួល​ដូន​ប៉ុក​)​ ​ជា​ភូមិ​ចាស់​ត​ពី​ដូនតា​ ​និង​មាន​មនុស្ស​រស់នៅ​តគ្នា​ជាង១០០០ឆ្នាំ​មក​ហើយ​ ​ពោល​គឺ​តាំង​ពីស.វ.ទី១០ដែល​មាន​សំណង់​ប្រាសាទ​ឥដ្ឋ​ចំនួន១​ ​និង​មាន​គោក​ភូមិ​នៅ​ជុំវិញ​ប្រាសាទ​ចំនួន៦​។​ ​ចំណែក​បំណែក​កុលាលភាជន៍​បង្ហាញ​ឱ្យ​ដឹង​ថា​ ​វត្តមាន​មនុស្ស​រស់នៅ​ទួល​ដូន​ប៉ុក​មាន​យ៉ាង​តិច​ដល់​ស.វ.ទី១៨​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន