Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឆ្នាំ​២០១៩ ស្លាប់​មនុស្ស​ជិត ២​ពាន់​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

​ភ្នំពេញ​៖ រយៈពេល​ពេញ​មួយ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បានកើត​ចំនួន ៤,១២១​លើក សម្លាប់​មនុស្ស ១,៩៨១​នាក់ និង​រងរបួស ៦,១៤១​នាក់​។ បើ​គិត​ជា​មធ្យមភាគ ក្នុង​មួយថ្ងៃ​មាន​មនុស្ស​ស្លាប់ ៥.៤​នាក់​។​

​របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​បង្ហាញ ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​របស់ខ្លួន​នា​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០​នេះ បាន​គូសបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​ភាគច្រើន នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ៣៤៨​នាក់ តាម​ពីក្រោយ​ដោយ​ខេត្ត​ព្រះសីហនុ ស្លាប់ ១៤៩​នាក់ និង​ខេត្តកណ្តាល​ស្លាប់ ១៤៣​នាក់​។​

​ក្នុង​របាយការណ៍​បង្ហា​ញ​ថា មូល​ហេតុដែល​បណ្តាលឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ​រួមមាន ការបើកបរ​លើស​ល្បឿន​កំណត់ ៣៨​ភាគរយ​, មិន​គោរព​សិទ្ធិ ២៣​ភាគរយ​, មិន​ប្រកាន់​ស្តាំ ១៣​ភាគរយ​, វ៉ា​ជែង ៩​ភាគរយ​, ស្រវឹង​៥​ភាគរយ​, កត្តា​យានយន្ត ២​ភាគរយ និង​ងងុយដេក ១​ភាគរយ​។​

​របាយការណ៍ បាន​គូសបញ្ជាក់ថា អត្រា​គ្រោះថ្នាក់​ចរាចរ​នៅ​ឆ្នាំ​២០១៩ កើនឡើង ៨៤៥​លើក ស្មើនឹង ២៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ក្នុងនោះ​អ្នកស្លាប់​កើន ២២០​នាក់ ស្មើនឹង ១២​ភាគរយ ខណៈ​អ្នករងរបួស​កើន ១,៣៧១​នាក់ ស្នើ​នឹង​ប្រមាណ ២៩​ភាគរយ​។​

​របាយការណ៍​បានឱ្យដឹង​ទៀតថា ក្នុងចំណោម​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​នេះ ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ ដែលមាន​ចំនួន ១,៥៤២​នាក់ នៃ​ចំនួន​អ្នកស្លាប់​សរុប ១,៩៨១​នាក់ ស្មើនឹង ៧៨​ភាគរយ​។ ក្នុងនោះ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន ១,១៨៦​នាក់ ស្មើនឹង ៧៧​ភាគរយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន