Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកជំនាញ បកស្រាយ​អំពី​ចម្លាក់​សត្វ​ម្ករ​នៅ​ជើងភ្នំ​គូ​លេន

​សៀមរាប​៖ ចម្លាក់​ទោល «​សត្វ​ម្ករ​» ដ៏​ធំ ដែល​បាន​ចុះផ្សាយ​ដោយ​បណ្តាញ​សង្គម កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ កន្លងមកនេះ មាន​ទីតាំងនៅ​ទំនប់ទឹក​មុជ​ជា​ទំនប់ទឹក​បុរាណ​មួយ​នៅ​ជេ​ី​ង​ភ្នំ​គូ​លេន ដែល​ស្ថិតនៅ​ទិសពាយ័ព្យ​នៃ​រមណីយដ្ឋាន​ប្រាសាទបេង​មាលា ក្នុងភូមិ​សាស្ត្រ​ភូមិ​ទឹក​លេច ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​តាម​ការចុះពិនិត្យ​ជាក់ស្តែង​របស់​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ឃើញ​មាន​បំណែក​វត្ថុ​សិល្បៈ​ចំនួន​១៤​បំណែក​ដូចជា ចម្លាក់​ក្បាល​ម្ករ​ដ៏​ធំ (​បណ្តោយ​ទំហំ​២១៣០​មី​លី​ម៉ែត្រ ទទឹង​៩៥០​មី​លី​ម៉ែត្រ និង​កម្ពស់​ទំហំ​១០៩០​មី​លី​ម៉ែត្រ​) ចំនួន​០១ រួមទាំង​បំណែក​ដងខ្លួន​មាន​សណ្ឋាន​ជាទរ​ទឹក​និង​គម្រប​ទរ​ព្រមទាំង​បំណែក​វត្ថុ​សិល្បៈ​ផ្សេងៗ​ទៀត ដែល​នៅ​រាយប៉ាយ​ក្បែរ​នោះ​។ ប្រជាពលរដ្ឋ​មាន​ជំនឿ​និង​គោរពបូជា​បដិមា​នេះ​ជា​យូរ​មកហើយ​រហូតមក​ដល់​បច្ចុប្បន្ន​។ ក្រៅពីនោះ ក៏មាន​ស្លាកស្នាម​ជា​ការដ្ឋាន​យក​ថ្មភក់​ពី​បុរាណ​ជាច្រើន​កន្លែង​នៅក្បែរៗ​នោះដែរ​។​

​លោក​បណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បញ្ជាក់ថា​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ការសិក្សា​ស្រាវជ្រាវ​បែប​បុរាណវិទ្យា ដើម្បី​ដឹង​ច្បាស់​ពី​ប្រវត្តិ​ទីតាំង​សម្រាប់​ចងក្រង​ជា​ឯកសារ ការផ្សព្វផ្សាយ និង​អភិរក្ស​ដើម្បី​លើក​តម្លៃ​បេ​តិ​ភណ្ឌ​ជាតិ ព្រមទាំង​ថែរក្សា​ជំនឿ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។​

​លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ​និង​ជា​ប្រធាន​នាយដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​អប្សរា​បានឱ្យដឹងថា​៖ ម្ករ​គឺជា​ត្រី​សមុទ្រ​មួយ​ប្រភេទ មានខ្លួន​ធំ ក្បាល​ខ្លី​ក្រ​ម៉ុ​ប ធ្មេញ​និង​ចង្កូម​ស្ញាញ​គួរឱ្យ​សម្បើម​។ ខ្មែរ​តែង​ហៅថា​ត្រី​ថ្ករ​ឬ​ឆ្លាម​ម្ករ​។ ជា​ប្រភេទ​សត្វ​ពេញនិយម​តំណាល​ក្នុង​រឿងព្រេង​ទេវ​កថា​របស់​ព្រហ្មញ្ញសាសនា​និង​ព្រះពុទ្ធសាសនា​។​

​ខ្មែរ​បង្ហាញ​ម្ករ​នៅតាម​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ ហោរ​ជាង ផ្តែរ និង​ចម្លាក់​ទោល​។ តាម​ទេវ​កថា​ព្រះ​ឥសូរ ម្ករ​ជាយា​ន្ត​ជំនិះ​របស់​ព្រះ​នាង​គង្គា តំណាងឱ្យ​ទឹកបរិសុទ្ធ ជា​ទឹកមន្ត​។ ដូច្នោះ​ហើយ​បានជា​ម្ករ​មាន​វត្តមាន​យ៉ាងសំខាន់​នៅតាម​ប្រាសាទ​និង​ចម្លាក់​។ ម្ករ​អាចមាន​ទ្រង់ទ្រាយ​រូបភាព​ផ្សេងៗ​អាស្រ័យ​តាម​រចនាបថ​សិល្បៈ​នៃ​សម័យកាល​មួយៗ​។ សិល្បករ​ច្នៃប្រឌិត​រូបភាព​ម្ករ​បន្តិច​ម្តងៗ​ទៅតាម​ទេពកោសល្យ​របស់ខ្លួន ហើយក៏​ឃ្លៀងឃ្លាត​ពី​ធម្មជាតិ​របស់ខ្លួន​ទៅ​។​

​គេ​អាច​មើលឃើញ​ម្ករ​នៅក្នុង​ចម្លាក់​សិល្បៈ នៅលើ​ផ្តែរ ប​ង្តា​ន់​ដៃ​កាំជណ្ដើរ លើ​ជ​ញ្ចាំ​ង នៅ​ជ្រុង​ដំបូល​នៃ​ប្រាសាទ​ដែល​ជាទ​បង្ហូរទឹក​។ ម្ករ​ក៏មាន​តួនាទី​ជា​អ្នកយាម​ទ្វារ​ដែរ​។ ជាពិសេស ម្ករ​មាន​បង្ហាញខ្លួន​នៅ​កន្លែង​បញ្ចេញ​ទឹក មាន​ទម្រង់​ជាទរ​បង្ហូរទឹក ដែល​ភាសា​បច្ចេកទេស​ហៅថា «​សោម​សូត្រ​» មាន​ទម្រង់​ស្រដៀង​តោ ឬ​នាគ ដោយមាន​ប្រ​ម៉ោ​យ​ដូច​ដំរី ហើយ​បើកចំហ​រមាត់​ផង​។​

​ដោយ​ពិនិត្យ​លើ​រចនាបថ​សិល្បៈ​របស់​ចម្លាក់ អ្នកជំនាញ​យល់ថា ប្រហែល​ស្ថិតក្នុង​សតវត្សរ៍​ទី​១១ ដោយ​យោងតាម​ចម្លាក់​បដិមា​ស្រដៀង​នឹង​រចនាបថ​សិល្បៈ​នៅ​ប្រាសាទបេង​មាលា ដែល​រូប​ម្ករ​នេះ​ទំនងជា​ឆ្លាក់​និង​រៀបចំ​ជា​ក្បាល​នៃ​ទរ​ទឹក​របស់​ស្ទឹង​ទឹក​មុជ​៕​

    

Advertisement

Facebook

អ្វីដែល​គេកំពុងអាន