Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​អប្សរា នឹង​ប្រើពេល​៤​ខែ​អភិរក្ស និង​ជួសជុល​ប្រាសាទដំរីក្រាប នៅលើ​ភ្នំ​គូលែន​

Published

on

​សៀមរាប​៖ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ធ្វើ​ពិធី​ប្រុង​ពលី​ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​ក្នុងការ​អភិរក្ស​និង​ជួសជុល​ប្រាសាទដំរីក្រាប​នៅលើ​ភ្នំ​គូលែន​ឱ្យមាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​។​

​គម្រោង​អភិរក្ស​និង​ជួសជុល​ប្រាសាទ​នេះ មាន​រយៈពេល​៤​ខែ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០​ខែកក្កដា និង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ដឹកនាំ​ដោយ​លោក​បណ្ឌិត ឈាន រដ្ឋា និង​អនុវត្ត​ផ្ទាល់​ដោយ​លោក ពុទ្ធ សុទ្ធ និង​មន្ត្រី​បុគ្គលិក​ជំនាញ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​។​

​ប្រាសាទដំរីក្រាប រង​ការខូចខាត​ខ្លាំង​ដោយ​កត្តា​ទឹកភ្លៀង​និង​រុក្ខជាតិ ដែល​ធ្វើឱ្យ​គ្រឹះ​ស្រុត​ផ្នែក​ខាងលិច បណ្តាលឱ្យមាន​ស្នាម​ប្រេះ​តូចធំ​ជាច្រើន​កន្លែង និង​ផ្នែក​ខ្លះ​មាន​ឫស​ឈើ​ចាក់​ចូល​ជញ្ជាំង​បណ្តាលឱ្យ​ស្នាម​ប្រេះ​កាន់តែ​រីកធំឡើង​។ បញ្ហា​សំណើម​ក៏​ធ្វើឱ្យ​ផ្នែក​ខឿន​ប្រាសាទ​ពុកផុយ​ខ្លាំង និង​ផ្នែក​កណ្តាល​មធ្យម​។ រួមទាំង​កត្តា​មនុស្ស​ដែល​បាន​លួច​បំផ្លិចបំផ្លាញ​ក្បាច់​ក្រឡោត​ខ្ពស់​នៅលើ​ជ​ញ្ចាំ​ង ហោជាង ផ្តែរ និង​ជីក​កកាយ​គ្រឹះ​ខាងក្នុង​ប្រាសាទ ធ្វើឱ្យ​លំនឹង​ប្រាសាទ​មានការ​ប្រែប្រួល​។​

​ដើម្បី​លើកកម្ពស់​តម្លៃ​ប្រាសាទ​ឱ្យ​ផុតពី​គ្រោះថ្នាក់ អាជ្ញាធរ​ជាតិ​អប្សរា​សម្រេច​ពង្រឹង​ខឿន​ដែល​ពុកផុយ​នៅ​ជុំវិញ​តួ​ប៉ម ជួសជុល​ខ្លោងទ្វារ​ខាងកើត រៀប​ផ្ជិ​ត ពង្រឹង​ស្នាម​ប្រេះ​តូចធំ​នៅលើ​ជញ្ជាំង ដំបូល និង​ជួសជុល​ដំបូល​ដែល​ពុកផុយ​។​

​ប្រាសាទដំរីក្រាប មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ជា​ប្រាសាទ​ឥដ្ឋ ដែលមាន​តួ​ប៉ម​៣​សង់​លើ​ខឿន​តែ​១ មាន​កំពែង​ព័ទ្ធជុំវិញ ហើយក៏​ជា​ប្រាសាទ​មួយ​ក្នុងចំណោម​ប្រាសាទ​ជាច្រើន​ដែល​ស្ថិតនៅក្នុង​រចនាបថ​គូលែន​ក្នុង​រជ្ជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ (​គ​.​ស​.៨០២-៨៥០) ដែលជា​ការចាប់ផ្តើម​នៃ​អារ្យធម៌​អង្គរ​។ ប្រាសាទ​នេះ​មិនសូវ​ខុសប្លែក​ពី​សម័យមុនៗ​ទេ គឺ​បែរមុខ​ទៅ​ទិសខាងកើត និង​មាន​ទ្វារបញ្ឆោត​ចំនួន​៣ ប្លង់​បាត​មាន​រាង​ការេ​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម