Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

​ផ្លូវ​ល្បឿន​លឿន​-​ភ្នំពេញ​ព្រះសីហនុ សាងសង់​សម្រេចបាន​ជាង ៥៥%ហើយ

​ភ្នំពេញ​៖ គម្រោង​ផ្លូវ​ល្បឿន​លឿន​-​ភ្នំពេញ​ព្រះសីហនុ មាន​ប្រវែង ១៩០​គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ខែកក្កដា ឆ្នាំ​២០១៩ គិត​ត្រឹម​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ ដំណើរការ​សាងសង់​សម្រេចបាន ៥៥,០៥% ហើយ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៣​។

​ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ ផ្លូវ​នេះ​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន PPSHV Expressway Co., Ltd និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើ​រយៈពេល​សាងសង់​៤៨​ខែ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២ ០១៩​លាន​ដុល្លារ សហរដ្ឋអាមេរិក មាន​គន្លង​ផ្លូវ​ចំនួន​៤​គន្លង ទទឹងផ្លូវ​សរុប ២៤,៥ ម៉ែត្រ មាន​ផ្លូវបំបែក​ទិស​៧​កន្លែង កន្លែង​ឈប់សម្រាក​ចំនួន​៣​កន្លែង ចំណតរថយន្ត​១​កន្លែង មណ្ឌល​ប្រតិបត្តិការ​និង​ថែទាំ​ចំនួន​៤​កន្លែង ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន​៤០​កន្លែង ស្ពាន​តូច​ចំនួន​៥ កន្លែង ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រមាណ ៨​គីឡូម៉ែត្រ និង​ខេត្ត​ចំនួន​០៤​បួន ក្នុងនោះ​៖ ខេត្តកណ្តាល​ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង​១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង ៨៩,៨៩​គីឡូម៉ែត្រ​។

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​-​ភ្នំពេញ​ព្រះសីហនុ គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ និង​ជា​គម្រោង​ផ្លូវ របៀង​យុទ្ធសាស្ត្រ​សំខាន់បំផុត​នៅ​កម្ពុជា ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ ផែ​សមុទ្រ​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​មក​ត្រឹមតែ​ពីរ​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់បន្ថយ​តម្លៃ​ភស្តុភារ កម្ម​ផងដែរ​។​

​ថ្លែង​ក្នុងឱកាស​ចុះ​ពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​-​ភ្នំពេញ​ព្រះសីហនុ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា យើង​កសាង​ផ្លូវ​ល្បឿន​លឿន​ដោយសារ​សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន ហើយ​សេដ្ឋកិច្ច​មានការ​រីក ចម្រើន គឺ​ដោយសារ​កត្តា​សុខសន្តិភាព បើ​គ្មាន​សុខសន្តិភាព​ទេ យើង​មិនអាច​ឈរ​នៅទីនេះ​មើល ការងារ​សាងសង់​ផ្លូវ​ល្បឿន​លឿន​បានទេ ដូច្នេះ​កត្តា​សុខសន្តិភាព​ជា​កត្តា​ដ៏​សំខាន់បំផុត​មិនអាច​កាត់ ថ្លៃ​បាន ហើយ​យើង​គ្រប់រូប​ត្រូវ​រួបរួមគ្នា សាមគ្គី​គ្នា ការពារ​សុខសន្តិភាព​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យបាន​ជាដាច់ខាត ដើម្បី​កសាង​ប្រទេសជាតិ មាតុភូមិ​យើង​ឱ្យបាន​រុងរឿង​ថែមទៀត​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ព្រះសីហនុ​ព​ន្លឿ​ន​ការងារ​សាងសង់​របស់ខ្លួន​ឱ្យបាន​ចប់សព្វគ្រប់​នៅ​ខែកញ្ញា ឆ្នាំ​២០២២ និង​បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ លទ្ធភាព​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សាកល្បង ដើម្បី​បាន​ស្វែងយល់​ពី​ផ្លូវ​នេះ​៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

ព័ត៌មានជាតិ

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខ...